Thursday, May 30, 2013

គណ​​បក្ស​​សង្រ្គោះ​​ជាតិ ចង់​​ឲ្យ​​មាន​​ច្បាប់​​ប្រឆាំង​​នឹង​​អ្នក​​ចាញ់​​ឆ្នោត ហើយ​​បង្កើត​​សង្គ្រាម


ដោយ ហង្ស ប្រា​ថ្នា
 ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ​ 2013


មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងកើតពី​គណបក្ស​សម​រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានជំរុញឲ្យមានការបង្កើតច្បាប់ប្រឆាំង នឹង​អ្នកដែលចាញ់ការបោះឆ្នោត ហើយប្រកាសធ្វើសង្គ្រាម។

ការជំរុញនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការ​គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៣ និង​បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទ ស្នើសុំឲ្យបង្កើត​ច្បាប់​ដាក់ទោសអ្នក ដែលនិយាយថា គ្មានរបបប្រល័យពូជសាសន៍នៅកម្ពុជា។

ទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លោក គង់ គាំ មានប្រ​សាសន៍​ថា កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមបង្កសង្គ្រាម ប្រសិនបើចាញ់ឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ ។ លោក​បន្តថា ៖ “ប្តឹងទៅ ឥឡូវនេះប្តឹងទៅ ហ៊ុន សែន នេះគំរាមបង្កសង្គ្រាមហើយ អ្នកណាគំរាមបង្កសង្គ្រាម ប្តឹងអ្នកនោះទៅ”។

ក្នុងសនិ្នសីទកាសែតនោះផងដែរ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា ការចោទប្រកាន់ថ្នាក់​ដឹក​នាំ គណបក្សសង្គ្រោះជាតិ លើបីករណីផ្សេងគ្នាកន្លងមកនេះ គឺជាការរៀបចំឡើង របស់គណបក្សប្រជាជនកម្ពុជា ដើម្បីទម្លាក់ប្រជា​ប្រិយភាព គណបក្សប្រកួតប្រជែង ។ លោកថា ៖ “ជាទម្លាប់ របស់គណបក្សប្រជាជនកម្ពុជា ដល់ពេលណា ដែលការបោះឆ្នោត​ជិតចូលមកដល់ម្តងៗ គាត់តែងតែបង្កើតនូវ ការធ្វើឲ្យភាន់ច្រឡំ មតិមហាជន គាត់តែងតែធ្វើការចោទប្រកាន់ ដោយមួលបង្កាច់ គាត់តែងតែ ដើរទិញដូរ តែងតែបំបែកបំបាក់ និងគំរាមកំហែងមកលើគូប្រកួតរបស់គាត់”។

ឆ្លើយតបចំពោះការចោទប្រកាន់នេះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការថ្លែងរបស់​ថ្នាក់​ដឹក​នាំគណបក្សសង្គ្រោះជាតិនេះ គឺឆ្លុះបញ្ចាំងពីគណបក្សសង្គ្រោះជាតិផ្ទាល់ព្រោះថា គណបក្សសង្គ្រោះជាតិ កំពុងតែចោទគណបក្ស​កាន់អំណាច ។ លោកបញ្ជាក់ថា ៖ “សង្គ្រោះជាតិ ហ្នឹង យើងមិនទាន់ឃើញឥរិយាបថចាស់ទុំ នៅក្នុងកិច្ចការងារប្រកួតប្រជែង ដើម្បីទាក់ទាញសមានចិត្តប្រជាពលរដ្ឋ តាមរយៈគោលការណ៍នយោបាយទេ មានតែអ្វីដែលជាការវាយប្រហារ ដែលលោកប្រើប្រាស់ ដូច្នេះអ្វីដែលគាត់លើកឡើង គឺបង្ហាញពីម្រាមដៃបួន ចំពោះគាត់វិញ ដែលគាត់ចោលម្រាមដៃមួយ ទៅគណបក្សប្រជាជន គឺម្រាម​ដៃបួនចូលមកខ្លួនគាត់វិញ”។

សម្រាប់នាយកប្រតិបត្តិ អង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅ និចហ្វិច (Nicfec) លោក ហង្ស ពុទ្ធា ដែលឃ្លាំមើល​គ្រប់​ការបោះឆ្នោត នៅកម្ពុជាមានប្រសាសន៍ថា រាល់ការបោះឆ្នោតជិតចូលមកដល់ តែងតែមានការចោទប្រកាន់គ្នាទៅវិញទៅមក ដើម្បីទម្លាក់ប្រជាប្រិយភាព គណបក្សដែលជាគូប្រកួត ។ លោកកត់សម្គាល់ថា ៖ “រាល់មុនពេលបោះឆ្នោត អ្នកនយោបាយតែងតែ ប្រឹងប្រែងធ្វើការឃោសនា ដើម្បីទាក់ទាញការគាំទ្រ ហើយក្នុងនោះយុទ្ធសាស្ត្រមួយ គឺការចោទប្រកាន់គ្នា លាបពណ៌ឲ្យគ្នា គឺជា​រឿងដែលយើងធ្លាប់ឃើញ នៅគ្រប់ការបោះឆ្នោតកន្លងមក”។

គួរបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា រងការចោទប្រកាន់ថា បានលើក​ឡើងជាសាធារណៈថា គុកទួលស្លែងជាសិប្បនិម្មិត ហើយរបបកម្ពុជាប្រជាធិបតេយ្យ គឺជាឆាកល្ខោន ដែលវៀតណាមកុម្មុយនីស្ត​បានរៀបចំទុក។ ចំណែក ទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គង់ គាំ រងការចោទថា បាននិយាយថាការផ្តួលរំលំ​សម្តេច​សីហនុ កាលពីឆ្នាំ១៩៧០ គឺព្រះអង្គផ្ទាល់ជាអ្នករៀបចំ។ ចំណែកសមាជិកជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិលោក សុន ឆ័យ រង​ការ​ចោទប្រកាន់ថា បានចូលរួមជាមួយក្រុមចលនាប្រឆាំងរដ្ឋាភិបាលកម្ពុជា៕

0 comments:

Post a Comment