ផ្អែកតាមរបាយការណ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្យាថា បើសិនគណបក្សកាន់អំណាចបានសំឡេងឆ្នោតក្រោម ៥០% លោកនឹងចុះចេញពីតំណែង។
របាយការណ៍ស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋរបស់អាមេរិក បានបញ្ជាក់ថា ពលរដ្ឋដែលត្រូវបានសាកសួរចំនួន ២ពាន់នាក់ ក្នុងនោះ ៧៩% ប្រាប់ថា គណបក្សប្រជាជនកម្ពុជា ដឹកនាំរដ្ឋាភិបាលក្នុងផ្លូវវិជ្ជមាន និងថាប្រជាប្រិយភាពរបស់លោក ហ៊ុន សែន បានកើនឡើងជាលំដាប់តាំងពីឆ្នាំ២០០៦ មក។ តាមរយៈរបាយការណ៍លោក ហ៊ុន សែន សន្មតថា គណបក្សប្រជាជនកម្ពុជា នឹងឈ្នះឆ្នោត ហើយបើឈ្នះក៏ដោយ ឲ្យតែសន្លឹកឆ្នោតបានតិចជាង ៥០% លោកនឹងលាលែងចេញពីតំណែងភ្លាម។
ក្នុងទិវាកុមារអន្តរជាតិកាលពីថ្ងៃទី១ ខែមិថុនា ដែលប្រារព្ធធ្វើនៅកោះពេជ្រ លោក ហ៊ុន សែន ថ្លែងបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិនិត្យលទ្ធភាពពង្រីកមន្ទីរពេទ្យបង្អែកនៅតាមទីជនបទ និងបញ្ជាឲ្យមន្ត្រីក្រោមឱវាទផ្សេងទៀត បញ្ចូលបញ្ហាមួយចំនួនទៅក្នុងគោលនយោបាយយុទ្ធសាស្ត្រចតុកោណជំហានទី៣ ទៀតផង។ លោកបន្តថា រឿងចាញ់ឆ្នោតគឺមិនមានឡើយសម្រាប់គណបក្សប្រជាជនកម្ពុជា។
លោក លោក ហ៊ុន សែន បញ្ជាក់ថា សូម្បីតែរបាយការណ៍ស្ទង់មតិដែលវិទ្យាស្ថានអន្តរជាតិមួយនេះស្ទង់មតិពីគណបក្សប្រឆាំង ក៏លោកមាននៅក្នុងដៃដែរ ដោយសារមានមន្ត្រីបក្សប្រឆាំងបានផ្ដល់របាយការណ៍នេះឲ្យលោក៖ «គេហៅថា ភាពឡើងរបស់ខ្លួន ខ្ញុំបាននិយាយហើយថា បើដាំក្បាលចុះក្រោម ៥០% ខ្ញុំនឹងប្រកាសអាសន្ន ហើយនឹងចុះចេញពីតំណែង។ត្រូវ ៧៩% បោះឆ្នោតឲ្យគណបក្សប្រជាជន ៧៧% លោកឯងនៅតែចាញ់អ៊ីចឹង។ ខ្ញុំនឹងរៀបចំយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ លោកឯងគ្មានទៅរួចទេ អា ៧៥ និង ៥០ ក៏ទៅមិនរួចដែរ»។
លោកបន្តថា មន្ត្រីគណបក្សប្រឆាំងគ្រាន់តែអាចធ្វើជារដ្ឋមន្ត្រី ប្រធានរដ្ឋសភា ឬនាយករដ្ឋមន្ត្រីឧទាហរណ៍ចាប់តាំងពីពេលនេះដល់ថ្ងៃតែប៉ុណ្ណោះ។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីបែបនេះធ្វើឡើងតបនឹងប្រសាសន៍របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបានថ្លែងកាលពីថ្ងៃទី២០ ខែឧសភា ថា លោក ហ៊ុន សែន ខិតខំគំរាមកំហែងគ្រប់បែបយ៉ាងចំពោះមន្ត្រីបក្សប្រឆាំង ដោយសារខ្លាចចាញ់ឆ្នោត។
លោក កឹម សុខា ថែមទាំងបបួលលោក ហ៊ុន សែន ឡើងវេទិកាជជែកវែកញែកទល់មុខគ្នាតាមកញ្ចក់ទូរទស្សន៍ ដើម្បីឲ្យពលរដ្ឋបានឃើញពីសក្ដានុពលរបស់បក្សទាំងពីរ ដូចនៅប្រទេសប្រជាធិបតេយ្យជឿនលឿនទៀតផង។ តែមន្ត្រីគណបក្សប្រជាជនប្រាប់ថា មិនចាំបាច់មានវេទិកាបែបនេះទេ។
ទន្ទឹមនឹងនេះ មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ រំពឹងថា គណបក្សដែលទទួលអាសនៈច្រើនក្នុងរដ្ឋសភាមានតែពីរប៉ុណ្ណោះ គឺបក្សសង្គ្រោះជាតិនិងបក្សប្រជាជនកម្ពុជា។ បើគណបក្សប្រជាជនកម្ពុជា បានសំឡេងក្រោម ៥០% បានន័យថា គណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ហេតុនេះលោក ហ៊ុន សែន បើមិនចុះចេញពីតំណែងក៏មិនកើតដែរ។ លោកបន្តថា បើបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោតគណបក្សសង្គ្រោះជាតិក៏មិនបោះបង់ចោលដែរ ដោយសារគោលនយោបាយបក្សប្រឆាំងមិនចាត់ទុកខ្មែរណាជាសត្រូវទេ។
លោកបញ្ជាក់ថា តាមការស្ទង់មតិរបស់ អាយ.អ.អាយ បង្ហាញថា មនុស្សចំនួន ៥៤% បានគិតថា នឹងបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ក្នុងកាលៈទេសៈដែលបក្សកាន់អំណាចកាន់ប្រព័ន្ធផ្សព្វផ្សាយទាំងស្រុង៖ «ក៏ប៉ុន្តែឥឡូវហ្នឹងគេនិយាយតែគេ គេបំភ្លៃបំផ្លើសរឿងគណបក្សសង្គ្រោះជាតិ អត់មានឱកាសបានបកស្រាយជូនប្រជាពលរដ្ឋ អ៊ីចឹងវាអត់មានយុត្តិធម៌។ អ៊ីចឹងដើម្បីជម្រះមន្ទិលសង្ស័យ ក៏សាងវប្បធម៌ប្រជាធិបតេយ្យ ថ្នាក់ដឹកនាំប្រជាជនត្រូវមានសេចក្ដីក្លាហានឡើងមកជជែកវែកញែកជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅកញ្ចក់ទូរទស្សន៍នូវបញ្ហាជាតិសំខាន់ៗ ដើម្បីឲ្យពលរដ្ឋវិនិច្ឆ័យនិងសម្រេច»។
ក្រុមអ្នកវិភាគបញ្ហានយោបាយនៅកម្ពុជា មួយចំនួនចាត់ទុកថា ការថ្លែងរបស់នាយករដ្ឋមន្ត្រីជាការបញ្ជាក់ពីជំនឿចិត្តរបស់លោកក្នុងការឈ្នះឆ្នោត ហើយគណបក្សកាន់អំណាចទំនងជានៅតែអាចជាប់ឆ្នោតនៅថ្ងៃបោះឆ្នោតខាងមុខមែន ដោយសារតែគណបក្សកាន់អំណាចមានឥទ្ធិពលខ្លាំងលើសលប់ជាងគណបក្សប្រឆាំង។
ឥទ្ធិពលដែលអាចអូសទាញសំឡេងឆ្នោតបានច្រើននោះ មានជាអាទិ៍ ប្រព័ន្ធផ្សព្វផ្សាយច្រើនលើសលប់ស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាច ការចែកអំណោយ សារ៉ុង ប៊ីចេង ក្រមា ឲ្យពលរដ្ឋ ការរំលឹកពីថ្ងៃ៧ ខែមករា ដើម្បីឲ្យពលរដ្ឋសងគុណ ការព្រមានថា នឹងមានសង្គ្រាមបើបក្សកាន់អំណាចចាញ់ឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនទាន់ឯករាជ្យ ល្បិចរំខានគ្រប់បែបយ៉ាងទៅលើវេទិកាផ្សព្វផ្សាយរបស់បក្សប្រឆាំង ការដាក់ចារកម្មបង្កប់ក្នុងបក្សប្រឆាំង និងជាពិសេសប្រជាពលរដ្ឋខ្មែរមួយភាគធំមិនទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់សម្រាប់វិភាគថា ពួកគាត់គួរបោះឆ្នោតឲ្យគណបក្សមួយណានោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានសន្យាកាលពីការបោះឆ្នោតអាណត្តិទី៤ ថា បើសិនជាបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដីនៅតែឡើងថ្លៃប្រទេសនៅតែមានសន្តិភាព។ ប៉ុន្តែពេលបោះឆ្នោតរួចមិនបានប៉ុន្មានផង ហាងឆេងដីស្រាប់តែចុះថោក ពលរដ្ឋខ្លះធ្លាក់ខ្លួនក្រដោយសាររកស៊ីដីថែមទៀត ហើយកងទ័ពថៃ ក៏នៅតែឈ្លានពានតំបន់ព្រំដែន និងនាំឲ្យមានការប៉ះទង្គិចគ្នាដោយអាវុធមួយដងជាពីរដង។
ក្រៅពីនេះ ទំហំនៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ចក៏កាន់តែធំ ដោយផ្ទៃដីជាង ២លានហិកតារត្រូវផ្ដល់ឲ្យក្រុមហ៊ុនឯកជនក្នុងស្រុក និងក្រុមហ៊ុនបរទេស វិនិយោគបង្កើតបានជាទំនាស់ដីធ្លីគ្រប់ទីកន្លែង ដែលមកទល់ពេលនេះមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ។
សង្គមស៊ីវិលរំលឹកថា លោកនាយករដ្ឋមន្ត្រី ក៏ធ្លាប់ប្ដេជ្ញាចិត្តថា បើសិនជាទប់ស្កាត់បទល្មើសព្រៃឈើមិនបានសុខចិត្តកាត់ក្បាល តែបទល្មើសនៅតែមាន ព្រៃឈើកាន់តែរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
ក្នុងអាណត្តិទី៤ នេះ ឡូត៍នេសាទបានបំផ្លាញធនធានជលផលយ៉ាងច្រើន ហើយផ្ដល់ផលប្រយោជន៍សម្រាប់តែក្រុមឈ្លួញអ្នកមានជាគ្នីគ្នាមន្ត្រីបក្សកាន់អំណាចប៉ុណ្ណោះ ម្យ៉ាងទៀត ម្ចាស់ឡូត៍ក៏រកត្រីលែងបានទៀត ទើបលោក ហ៊ុន សែន បានលុបឡូត៍នេសាទទូទាំងប្រទេសទាំងអស់ ដើម្បីបង្កើនទិន្នផលត្រីឡើងវិញ ហើយការលុបឡូត៍នេសាទនេះ ត្រូវបានទទួលការសរសើរពីសង្គមស៊ីវិល និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន៕
ក្នុងអាណត្តិទី៤ នេះ ឡូត៍នេសាទបានបំផ្លាញធនធានជលផលយ៉ាងច្រើន ហើយផ្ដល់ផលប្រយោជន៍សម្រាប់តែក្រុមឈ្លួញអ្នកមានជាគ្នីគ្នាមន្ត្រីបក្សកាន់អំណាចប៉ុណ្ណោះ ម្យ៉ាងទៀត ម្ចាស់ឡូត៍ក៏រកត្រីលែងបានទៀត ទើបលោក ហ៊ុន សែន បានលុបឡូត៍នេសាទទូទាំងប្រទេសទាំងអស់ ដើម្បីបង្កើនទិន្នផលត្រីឡើងវិញ ហើយការលុបឡូត៍នេសាទនេះ ត្រូវបានទទួលការសរសើរពីសង្គមស៊ីវិល និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន៕